កីឡា

សហព័ន្ធខ្មែរ កីឡាហាប់គីដូ បង្ហាញវត្តមាន តាមសាលារៀនឯកជន ជាមួយការពង្រីកផ្សព្វផ្សាយ វិស័យកីលាហាប់គីដូនៅកម្ពុជា

ខេត្តកណ្តាល៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនី របស់សហព័ន្ធចំនួន ៩ នាក់ចូលរួមសម្ដែងក្នុងពិធីបើកបវេសន កាលថ្មីរបស់សាលាអន្តរជាតិស្មាតស្តាត និងក្លិបកីឡាហាប់គីដូសាលាអន្តរជាតិស្មាតស្តាត ដែលមានទីតាំងក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឲ្យដឹងថា ក្រុមហាប់គីដូចំនួន ៩នាក់បានចូលរួមសម្ដែងនៅស្នៀតគុនពិសេសៗជូនអាណាព្យាបាល និងសិស្សានុសិស្សបានទស្សនាកម្សាន្ត។ នេះក៏ជាការបង្ហាញមួយដល់អ្នកចូលរួមទាំងអស់បានយកចិត្តទុកដាក់លើការថែរក្សាសុខភាព និងចាប់ផ្ដើមលេងកីឡា។ ការសម្ដែងនេះផងដែរក៏ស្របទៅតាមផែនការរបស់សហព័ន្ធក្នុងការពង្រីកផ្សព្វផ្សាយកីឡាមួយឲ្យកាន់តែទូលំទូលាយ និងមានការគាំទ្រកាន់តែច្រើនពីសាធរណៈជន។
ជាមួយគ្នានេះដែរក៏ជាការរួមចំណែករបស់សហព័ន្ធជាមួយសង្គមជាតិក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងរួមចំណែកអប់រំយុវជនជួយ កាត់បន្ថយការចំណាយពេលឥតប្រយោជន៍ និងជួយឲ្យយុវជនចៀសឆ្ងាយ ពីការប្រព្រឹត្តិអំពើអបាយមុខផ្សេងៗផងដោយងាកមកចាប់លេងកីឡាឡើងវិញ។
គ្រូបង្វឹកជើងចាស់រូបនេះក៏ថ្លែងអំណរគុណដល់លោក លោក ស៊ាន ចាន់គ្រឹស្នា នាយកសាលាអន្តរជាតិស្មាតស្តាត ដែលបានផ្ដល់ឱកាសដល់ សហព័ន្ធខ្មែរកីឡាហាប់គីដូបានចូលរួមសម្ដែង និងផ្សព្វផ្សាយកីឡាមួយនេះ ដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីបើកបវេសនកាលឆ្នាំថ្មីនេះ។

បញ្ជាក់ដែរថា ពិធីសម្ដែងរបស់ក្រុមកីឡាហាប់គីដូដែលដឹកនាំដោយលោក គង់ ចាន់ធីណា និង ពុំ ណាង និងកីឡាករ កីឡាការិនី សរុប ៩នាក់ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ នេះធ្វើឡើងនៅបើកបវេសន កាលឆ្នាំថ្មីរបស់សាលាអន្តរជាតិស្មាតស្តាត (Smart Start International School) ដែលមានទីតាំងក្នុងភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕
ដោយ៖លី ភីលីព

Most Popular

To Top