បរទេស៖ ក្រុមចោរព័ត៌មានវិទ្យា (Hackers) បានលួចប្រាក់ចំនួន ៦,៣ពាន់លានដុល្លារពីផ្លាតហ្វម Binance ដែលជាកន្លែងជួញដូររូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងការវាយប្រហារមួយដែលក្រុមអ្នកវិភាគទម្លាក់កំហុសទៅលើប្រទេសកូរ៉េខាងជើង ហើយត្រូវបានចាត់ទុកថាជាការលួចចូលប្រព័ន្ធហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ដំណឹងនេះបានធ្វើឱ្យតម្លៃរូបិយប័ណ្ណគ្រីបតូធ្លាក់ចុះភ្លាមៗ ខណៈដែល Binance បានផ្អាកដំណើរការដកប្រាក់ និងបានប្រកាសថានឹងប្រើប្រាស់មូលនិធិរបស់ក្រុមហ៊ុនដើម្បីទូទាត់សងការខាតបង់នេះ។ ក្រុមហ៊ុនបោះផ្សាយរូបិយប័ណ្ណគ្រីបតូ (Stablecoin) រួមមានក្រុមហ៊ុន Tether ដែលមានមូលដ្ឋាននៅអែលសាល់វ៉ាឌ័រ (El Salvador) និង World Liberty Financial ដែលគាំទ្រដោយលោក ដូណាល់ ត្រាំ បានធ្វើការបង្កកទ្រព្យសកម្មប្រហែលពាក់កណ្តាលដែលត្រូវបានលួចនោះរួចរាល់ហើយ។
ក្រុមហ៊ុនជួញដូរគ្រីបតូមួយនេះ បានបញ្ជាក់ថាមូលនិធិរបស់អតិថិជនគឺមានសុវត្ថិភាព ហើយខ្លួនកំពុងសហការជាមួយដៃគូដើម្បីបង្កកទ្រព្យសកម្មដែលរងផលប៉ះពាល់ ដោយរហូតមកដល់ពេលនេះទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ត្រូវបានកំណត់ទីតាំងឃើញ។ កាលពីព្រឹកថ្ងៃសុក្រ ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនរំពឹងថានឹងអាចបើកដំណើរការសេវាកម្មដកប្រាក់ឡើងវិញក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពនៃទឹកប្រាក់ដែលបាត់បង់ចំនួន ៣,៣ ពាន់លានដុល្លារផ្សេងទៀតនោះទេ។
Binance បានបញ្ជាក់ថា ខ្លួនបានត្រៀមថវិកាផ្ទៃក្នុងរបស់ក្រុមហ៊ុនប្រមាណ ៦,៣៤ ពាន់លានដុល្លាររួចជាស្រេច ដើម្បីរ៉ាប់រងការខាតបង់នេះ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Binance មានមូលនិធិបម្រុង Bitcoin ចំនួន ១ពាន់លានដុល្លារ ដែលបង្កើតឡើងដើម្បីការពារទ្រព្យសកម្មរបស់អតិថិជនក្នុងករណីមានការបំពានសន្តិសុខណាមួយកើតឡើង។ លោក Changpeng Zhao ស្ថាបនិកក្រុមហ៊ុន Binance ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ក្រុមហ៊ុនមានភាគហ៊ុននៅក្នុងក្រុមហ៊ុន SpaceX ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារផងដែរ។
លោក Richard Teng សហនាយកប្រតិបត្តិ (Co-CEO) របស់ Binance បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ “យើងមិនដែលប្រើប្រាស់មូលនិធិរបស់អតិថិជនណាមួយឡើយ ដូច្នេះពួកគេមិនរងផលប៉ះពាល់នោះទេ”។
លោក Teng បានពណ៌នាការវាយប្រហារនេះថាជា “ការវាយប្រហារដ៏ស្មុគស្មាញមួយ” ដែលមិនមែនធ្វើឡើងដោយមនុស្សតែម្នាក់នោះទេ ដោយមានការប្រើប្រាស់កុំព្យូទ័រយួរដៃដែលត្រូវបានលួចចូល និងមេរោគ (Malicious software) ដែលត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់ដាន និងភស្តុតាងនៃសកម្មភាពរបស់ពួកគេ ដែលនេះ “ធ្វើឱ្យយើងកាន់តែលំបាកក្នុងការតាមដាន និងស៊ើបអង្កេត”។
លោក Teng បានបញ្ជាក់បន្ថែមថា ក្រុម Hacker បានប្រើល្បិចបន្លំប្រព័ន្ធដែលប្រើសម្រាប់អនុម័តប្រតិបត្តិការ ដើម្បីផ្ទេរប្រាក់ចេញពីកាបូបលុយអេឡិចត្រូនិកដែលភ្ជាប់អ៊ីនធឺណិត និងគ្រប់គ្រងដោយ Binance ដោយឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងការអនុម័តធម្មតាដោយជោគជ័យ។
ប្រែសម្រួល៖ គីរី
