កីឡា

Ruben Neves អំពាវនាវ ឱ្យបញ្ចប់រឿងរ៉ាវ របស់ Ronaldo ខណៈព័រទុយហ្គាល់ ផ្តោតការយកចិត្តទុក ដាក់ទាំងស្រុង លើទីលានប្រកួត

បរទេស៖ Ruben Neves បានទាត់ចោលនូវរឿងរ៉ាវ ចម្រូងចម្រាសដែលកំពុងបន្តកើតមាន ជុំវិញការចូលនិវត្តន៍ ពីជម្រើសជាតិរបស់ Cristiano Ronaldo ដោយបានសង្កត់ធ្ងន់ថា “សំឡេងរំខាន” ពីខាងក្រៅ មិនមានឥទ្ធិពល អ្វីមកលើបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នោះទេ ។ ខ្សែបម្រើរបស់ក្លឹប Al-Hilal រូបនេះបានចេញមុខនិយាយ បន្ទាប់ពីម្តាយរបស់ Ronaldo គឺអ្នកស្រី Dolores Aveiro បានលើកឡើងថា កីឡាករបច្ចុប្បន្នមិនបានបង្ហាញ ការគោរពដែលកូនប្រុសរបស់គាត់សមនឹងទទួលបាន ក្នុងអំឡុងពេលចុងក្រោយ របស់គាត់ជាមួយក្រុមជម្រើសជាតិ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​បរិយាកាសជុំវិញក្រុមជម្រើសជាតិព័រទុយហ្គាល់ ហាក់មានភាពតានតឹង បន្ទាប់ពីការបរាជ័យយ៉ាងខកចិត្ត ៤-១ ក្រោមថ្វីជើងក្រុមដាណឺម៉ាក ប៉ុន្តែ Neves ប្តេជ្ញាចិត្តក្នុងការរក្សាការផ្តោតអារម្មណ៍របស់ក្រុមនៅលើទីលានប្រកួត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងប្រទេសវេលស៍ (Wales) ក្នុងឆ្នាំ ២០២៦ Neves ត្រូវបានអ្នកកាសែតចោទសួរអំពីការលើកឡើងដ៏ចាក់ដោតរបស់អ្នកស្រី Dolores Aveiro ដែលបានអះអាងថា សូម្បីតែមិត្តរួមក្រុមរបស់កូនប្រុសគាត់ ក៏ខ្វះការគោរពចំពោះរូបគេដែរ។

​Neves បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា ៖ “និយាយដោយស្មោះត្រង់ សម្រាប់ពួកយើងដែលជាស្នូល នៃក្រុមជម្រើសជាតិ និងជាកីឡាករ សំឡេងរំខានប្រភេទនេះមិនប៉ះពាល់ដល់ទម្រង់លេងរបស់យើងនៅលើទីលាននោះទេ។ តើរឿងនេះនឹងបញ្ចប់នៅពេលណា? ប្រហែលជាពេលដែលសំណួរអំពីរឿងនេះត្រូវបានបញ្ចប់ផងដែរ [ញញឹម] និងនៅពេលដែលការសម្ភាសន៍ អំពីរឿងនេះត្រូវបញ្ចប់ ។ Cristiano ផ្ទាល់បានបញ្ចប់រឿងនេះ និងបានចេញសេចក្តីថ្លែងការណ៍ រួចរាល់ហើយ នៅពេលដែលការចូលរួមរបស់គាត់ជាមួយក្រុមជម្រើសជាតិត្រូវបានបញ្ចប់។

យើងពិតជាដឹងគុណយ៉ាងខ្លាំងចំពោះ Cristiano យើងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្វីគ្រប់យ៉ាង ដែលគាត់បានធ្វើសម្រាប់ក្រុមជម្រើសជាតិ និងសម្រាប់បាល់ទាត់ព័រទុយហ្គាល់ ប៉ុន្តែចាប់ពីពេលដែលគាត់បានបញ្ចប់ [ការលេងឱ្យជម្រើសជាតិ] យើងត្រូវតែជាអ្នកក្រោកឈរឡើងសម្រាប់ការពារក្រុមជម្រើសជាតិ ទាំងក្នុងពេលទទួលជ័យជម្នះ និងពេលទទួលបរាជ័យ។”

​ខណៈពេលដែលក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កំពុងបន្តដំណើរ ដោយគ្មានម្ចាស់ កំណត់ត្រាស៊ុត បញ្ចូលទីច្រើនជាងគេ របស់ពួកគេ សំណួរទាក់ទងនឹងឋានានុក្រម និងភាពជាអ្នកដឹកនាំ របស់ក្រុមត្រូវបាន លើកឡើងជាញឹកញាប់ ។ Neves នៅតែមានទំនុកចិត្តថា ក្រុមទាំងមូលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបន្តដំណើរទៅមុខ ទោះបីជាស្រមោល នៃការចាកចេញរបស់ Ronaldo នៅតែបន្តគ្របដណ្តប់ យ៉ាងធំធេងលើយុទ្ធនាការ UEFA Nations League របស់ពួកគេក៏ដោយ។

​ខ្សែបម្រើរូបនេះបាននិយាយថា៖ “យើងមិនមែនជាក្រុមល្អបំផុតក្នុងលោកនោះទេ នៅពេលដែលយើងឈ្នះ ៤ ប្រកួតជាប់គ្នាក្នុងការប្រមូលផ្តុំលើកមុន ហើយយើងក៏មិនមែនជាក្រុមអាក្រក់បំផុតដែរ ដោយសារតែយើងចាញ់ការប្រកួតមួយនេះ។ យើងទាំងអស់គ្នាជាកីឡាករអាជីព និងមានបទពិសោធន៍ជោកជាំ ហើយយើងដឹងថា ពេលនេះយើងត្រូវតែក្រោកឈរឡើងសម្រាប់ក្រុមជម្រើសជាតិ។”

​Neves បានបន្ថែមថា៖ “សំឡេងរំខានមិនប៉ះពាល់ដល់ការលេងរបស់យើងនៅលើទីលានទាល់តែសោះ។ យើងពិតជាសង្ឃឹមថារឿងរ៉ាវនឹងស្ងប់ស្ងាត់ទៅវិញ ហើយសំណួរទាំងនេះនឹងកាន់តែមានតិចទៅៗ ដើម្បីឱ្យពួកយើងអាចផ្តោតលើអ្វីដែលសំខាន់ពិតប្រាកដនៅពេលនេះ នោះគឺការប្រកួត។ វាជារឿងធម្មតាទេ គ្រប់ក្រុមទាំងអស់តែងតែមានអ្នកដឹកនាំ ហើយសំណាងល្អដែលយើងមានអ្នកដឹកនាំជាច្រើននៅក្នុងក្រុមជម្រើសជាតិនេះ។ វាជារឿងធម្មជាតិ។ យើងមានកីឡាករដែលមានបទពិសោធន៍ ដែលកំពុងព្យាយាមជួយកីឡាករក្មេងៗឱ្យសម្របខ្លួនបានកាន់តែលឿន ហើយបរិយាកាសនៅក្នុងក្រុមគឺពិតជាអស្ចារ្យណាស់។”

ប្រែសម្រួល៖ គីរី

Most Popular

To Top