កីឡា

«ខ្ញុំមិនខ្លាចនរណាម្នាក់ឡើយ!»៖ លោក Jorge Jesus ផ្ញើសារយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីព័រទុយហ្គាល់យកឈ្នះវែលស៍ ដើម្បីឈរនៅកំពូលតារាង Nations League

បរទេស៖ លោក Jorge Jesus បានចេញមុខការពារយ៉ាងស្វាហាប់ ចំពោះយុទ្ធសាស្ត្រដឹកនាំរបស់លោក បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ទទួលបានជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ៣-២ លើក្រុមវែលស៍ (Wales) ក្នុងទីក្រុង Cardiff។ ទោះបីជាបានធានាតំណែងកំពូលតារាង ក្នុងពូល A4 នៃពានរង្វាន់ Nations League ក៏ដោយ ក៏អ្នកចាត់ការក្រុម Selecao រូបនេះមើលឃើញពីភាពចាំបាច់ ក្នុងការឆ្លើយតបទៅនឹងភាពមន្ទិលសង្ស័យ ដែលកំពុងតែកើនឡើងជុំវិញ ទម្រង់លេងនាពេលថ្មីៗនេះរបស់ក្រុមលោក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៦។

បរិយាកាសជុំវិញក្រុមជម្រើសជាតិ ព័រទុយហ្គាល់ហាក់មានភាពតានតឹង បន្ទាប់ពីទម្រង់លេងមានការធ្លាក់ចុះ បន្តិចបន្តួចកាលពីពេលថ្មីៗនេះ ប៉ុន្តែលោក Jesus បានប្រើប្រាស់ពេលវេលាក្រោយការប្រកួតនៅទីក្រុង Cardiff ដើម្បីរំលឹកអ្នកគាំទ្រទាំងអស់អំពីសមិទ្ធផលដែលក្រុមសម្រេចបាន។ បន្ទាប់ពីបានឃើញក្រុមរបស់លោកទទួលបានជ័យជម្នះជាលើកទី៥ ក្នុងចំណោមការប្រកួតក្នុងពូលទាំង៦ គ្រូបង្វឹកពោរពេញដោយបទពិសោធន៍រូបនេះបានចង្អុលបង្ហាញភ្លាមៗថា សំឡេងរិះគន់ពីខាងក្រៅកំពុងតែក្លាយជាភាពអវិជ្ជមានកាន់តែខ្លាំង។

លោក Jesus បានពន្យល់ប្រាប់សារព័ត៌មាន A Bola ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖ «វាជារឿងដ៏ល្អមួយដែលយើងទទួលបានជ័យជម្នះ ពីព្រោះមនុស្សមួយចំនួនបានចាប់ផ្តើមមានការសង្ស័យលើអ្វីដែលយើងសម្រេចបាននៅទីនេះទៅហើយ»។ លោកបានសង្កត់ធ្ងន់ថា ជ័យជម្នះនេះគឺជាការជំរុញទំនុកចិត្តដ៏សំខាន់មួយ ដែលក្រុមត្រូវការជាចាំបាច់ ខណៈដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់វគ្គ ៨ ក្រុមចុងក្រោយនៅខែមីនាខាងមុខ។

អ្នកចាត់ការរូបនេះបានទទួលស្គាល់ថា ខណៈពេលដែលក្រុមនៅ តែត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹងយុទ្ធសាស្ត្រមួយចំនួន ដំណើរការឈានទៅមុខជារួមនៅតែមានភាពវិជ្ជមាន។ លោកបានកោតសរសើរដល់ស្មារតីសាមគ្គីភាពរបស់ក្រុមកីឡាករ ដែលនៅតែអាចរួបរួមគ្នាបានយ៉ាងរឹងមាំទោះបីជាស្ថិតក្រោមសម្ពាធក៏ដោយ ដោយបញ្ជាក់ថា ព័រទុយហ្គាល់បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងដោយមាន ១៥ ពិន្ទុ ដើម្បីនាំមុខដាច់នៅក្នុងពូលរបស់ពួកគេ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top