សិល្បៈ និង កម្សាន្ត

តារាចម្រៀងរ៉េប Sean ‘Diddy’ Combs ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយសាររបួសក្បាលនៅក្នុងពន្ធនាគារ

​បរទេស៖ តារាចម្រៀងរ៉េប និង ជាមហាសេដ្ឋីតន្ត្រីលោក Sean “Diddy” Combs ត្រូវបានបញ្ជូនចេញពីពន្ធនាគារ សហព័ន្ធរដ្ឋទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីទទួលការព្យាបាលបន្ទាន់ដោយសារបញ្ហារបួសក្បាល នេះបើយោង តាមការចេញផ្សាយពីសារព័ត៌មាន FoxNews ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។

រថយន្តសង្គ្រោះបន្ទាន់បានដឹកលោក Combs ចេញពីពន្ធនាគារសហព័ន្ធ FCI Fort Dix ក្នុងរដ្ឋ New Jersey នៅវេលាម៉ោងប្រមាណ ១ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍។ របួសក្បាលរបស់លោកត្រូវបានគេបញ្ជាក់ថា មិនមានសភាពធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិតនោះទេ។

លោកត្រូវបានបញ្ជូនត្រឡប់មកកាន់ពន្ធនាគារវិញមុនពេលព្រះអាទិត្យរះ ដោយលោកស្ថិតក្នុងស្ថានភាពដឹងខ្លួន និងអាចនិយាយស្តីបានជាធម្មតា។ កាលៈទេសៈ និងមូលហេតុពិតប្រាកដដែលបណ្តាលឱ្យលោកទទួលបានរបួសក្បាលនេះ គឺនៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងច្បាស់លាស់នៅឡើយទេ។

​គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Sean “Diddy” Combs អាយុ៥៦ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៥០ ខែ នៅក្នុងពន្ធនាគារសហព័ន្ធ ក្រោយពីត្រូវបានតុលាការរកឃើញពិរុទ្ធភាពកាលពីខែកក្កដា ឆ្នាំ២០២៥។

ថ្មីៗនេះ ការរស់នៅក្នុងពន្ធនាគាររបស់លោកក៏ទទួលបានការចាប់អារម្មណ៍សារជាថ្មីផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកទទួលបានសិទ្ធិពិសេសខុសពីធម្មតា (Privileges) រួមទាំងការមានអ្នកទោសផ្សេងទៀតជួយធ្វើម្ហូប និងសម្អាតទីកន្លែងឱ្យលោក ដែលការរៀបចំនេះត្រូវបានគេចាត់ទុកថាមិនប្រក្រតី សូម្បីតែសម្រាប់អ្នកទោសដែលជាបុគ្គលល្បីល្បាញក៏ដោយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top