ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២២៦នេះ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ របស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ នៅកម្ពុជា ដោយមានការអញ្ជើញលោក Chiang Chai Liang អគ្គលេខាធិការ AUSC ជាមួយលោក ព្រំ ប៊ុណ្ណយី អគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៅសាលប្រជុំតូចមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

កិច្ចប្រជុំបង្ហាញពីការវាយតម្លៃ ទីតាំងប្រកួតកីឡានានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ របស់ប្រតិភូក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Sports Council delegate – AUSC) ។

ជាមួយគ្នានេះ ការត្រួតពិនិត្យ និងវាយតម្លៃទីតាំងប្រកួតជាមុន គឺជាជំហានដ៏សំខាន់មួយក្នុងការរៀបចំផែនការបច្ចេកទេស ការគ្រប់គ្រងទីតាំង និងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានគុណភាពស្របតាមគោលការណ៍ និងបទដ្ឋានដែលបានកំណត់។

គណៈប្រតិភូ និងមន្ត្រីបច្ចេកទេសរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានដឹកនាំដោយលោក Chiang Chai Liang អគ្គលេខាធិការក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន មកសទ្សនាកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២២៦ ដើម្បីជួបពិភាក្សាការងារជាមួយ នាយកដ្ឋានជំនាញពាក់ព័ន្ធ និងសហព័ន្ធកីឡានិស្សិតកម្ពុជា លើការងារ ត្រៀមរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ នៅព្រះរាជាណាចក្រកម្ពុជា និងបន្តត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ កីឡាមួយចំនួនដែលកម្ពុជាបានត្រៀមសម្រាប់បម្រើឲ្យការប្រកួត៕





