សិល្បៈ និង កម្សាន្ត

ភាពមមាញឹកក្រោយ John Wick 4៖ Keanu Reeves ត្រៀមខ្លួនជាតួឯក ក្នុងគម្រោងភាពយន្តធំៗចំនួន ៥ រួមទាំងរឿង “Maelstrom”

ហូលីវូដ៖ យោងតាមប្រភពពីសារព័ត៌មាន Deadline បានបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះលោក Keanu Reeves ត្រូវបានកំណត់ឱ្យចូលរួមសម្តែងជាតួឯក ក្នុងខ្សែភាពយន្តសកម្មភាពខ្នាតធំថ្មីរបស់ Netflix ដែលមានចំណងជើងថា «Maelstrom» ក្រោមការដឹកនាំរបស់លោក Jaume Collet-Serra (អ្នកដឹកនាំរឿង Carry-On) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន DeadLine ថ្ងៃទី២៨》ខែតុលា ឆ្នាំ២០២៦ ។

លោក Keanu Reeves នឹងចូលមកជំនួសតំណែងតួឯកដើម គឺលោក Alan Ritchson (តួឯកក្នុងរឿងស៊េរី Reacher) ដែលបានដកខ្លួនចេញពីគម្រោងនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ជុំវិញការផ្លាស់ប្តូរតួឯកនេះ តំណាងក្រុមហ៊ុន Netflix បានបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ។

​ភាពយន្តនេះ និទានពីសាច់រឿងរបស់មន្ត្រីប៉ូលិសសហព័ន្ធ (Federal Marshal) ម្នាក់ ដែលត្រូវបានចាត់តាំងឱ្យការពារគូដណ្តឹងរបស់អ្នកជួញដូរអាវុធ ដែលនាងបានក្លាយជាសាក្សីដ៏សំខាន់។ មន្ត្រីរូបនេះត្រូវតស៊ូការពារនាងពេញមួយយប់ដ៏សាហាវ ខណៈពេលដែលមានខ្យល់ព្យុះសង្ឃរា (Hurricane) ចូលមកកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង ធ្វើឱ្យពួកគេជាប់គាំងដោយគ្មានកម្លាំងជំនួយ និងត្រូវប្រឈមមុខនឹងក្រុមឃាតកររបស់អ្នកជួញដូរអាវុធ ដែលតាមប្រមាញ់ពួកគេដល់ទីតាំងលាក់ខ្លួនសុវត្ថិភាព (Safe house)។

ភាពយន្តនេះមានការកែសម្រួលអត្ថបទភាពយន្តចុងក្រោយដោយលោក Mark Bianculli ខណៈសាច់រឿងព្រាងដំបូងបំផុត ត្រូវបានសរសេរដោយអតីតអ្នកនិពន្ធលោក Gregory Fitzpatrick ដែលបានចែកឋានទៅហើយ។ គម្រោងរឿងនេះបានឆ្លងកាត់ដំណើរការរង់ចាំក្នុងប្រព័ន្ធផលិតកម្មអស់ជាច្រើនឆ្នាំ ដោយដំបូងឡើយវាត្រូវបានបង្កើតឡើងជាគម្រោងរបស់ផលិតកម្ម Warner Bros. តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ភាពយន្តនេះនឹងត្រូវបានផលិតដោយលោក Jeff Robinov រួមជាមួយលោកស្រី Tabitha Shick មកពីក្រុមហ៊ុន Talking Pictures។

បន្ទប់ពីភាពជោគជ័យនៃខ្សែភាពយន្ត John Wick វគ្គ ៤ លោក Keanu Reeves កំពុងពង្រីកការងាររបស់លោកយ៉ាងសកម្មនៅក្នុងវិស័យភាពយន្ត លោកកំពុងពិភាក្សាដើម្បីសម្តែងជាតួឯក ក្នុងភាពយន្តកូរ៉េថតឡើងវិញបែបឧក្រិដ្ឋកម្ម The Gangster, The Cop, The Devil របស់ផលិតកម្ម Paramount។

លោកត្រៀមខ្លួនបញ្ចូលសំឡេងជាតួអង្គ Shadow ក្នុងរឿង Sonic the Hedgehog 4។

លោកនឹងសម្តែងជាតួឯកក្នុងរឿង Kill Current: A Jon Hendricks Thriller ដែលជាគម្រោងដំបូងស្ថិតក្រោមស្លាកផលិតកម្មថ្មីរបស់លោកផ្ទាល់ឈ្មោះ Two Dragonflies ក្រោមកិច្ចសហការជាមួយ The Arena និង Zando។

គម្រោងផ្សេងទៀតរួមមាន ភាពយន្តបែបវិទ្យាសាស្ត្រ Shiver (Warner Bros.) និងរឿង The Entertainment System Is Down របស់អ្នកដឹកនាំរឿងម្ចាស់ពានរង្វាន់ Palme d’Or លោក Ruben Östlund។

ប្រែសម្រួល៖ គីរី

Most Popular

To Top